បទចំរៀង

September 8, 2007

បទចំរៀងសិនស៊ីសាម៉ុត

១. ក្រោម​មេឃ​លើ​ដី មាន​តែ​ស្រី​មួយ
ដែល​ជា​ជំនួយ​នៃ​រឿង​ជីវិត
ខ្លួន​អូន​ស្នេហ៍​អូន​ជា​ទឹក​អម្រឹត
ជួយ​ស្រង់​ជីវិត ឲ្យ​​មាន​ដង្ហើម ។

២. បុប្ផា​រស់​បាន អាស្រ័យ​គង្គា
ទេស​ភាព​នានា​អាស្រ័យ​សន្សើម
រូប​បង​រស់​បាន​អស្រ័យ​ថ្លៃ​ថ្លើម
គឺ​ជា​ដង្ហើម​ផ្សើម​ឫស​សង្ខារ ។

បន្ទរ. ក្នុង​លោក​នេះ​ណា កល្យាណ
គ្មាន​អ្វី​​សំខាន់​ដល់​បង​ឡើយ​ណា
មាន​តែ​អូន​មួយ​ជា​ត្រួយ​នេត្រា
ដែល​រៀម​ប្រាថ្នា ជា​គូ​លុះ​ក្ស័យ ។

៣. ទោះ​ជា​ផែន​ដី​រលាយ​សោះ​សូន្យ
ស្នេហ៍​បង​នឹង​អូន មិន​សូន្យ​ទេ​ថ្លៃ
ស្នេហ៍​រស់​គង់​វង់​រុង​រឿង​លុះ​ដល់​ក្ស័យ
គ្មាន​អ្វី​ប្រល័យ​ស្នេហ៍​យើង​បាន​ឡើយ ។

ភ្លេង – បន្ទរ – ៣

ចប់

១. បង​ព្រាត់​ពី​អូន​ព្រាត់​ទាំង​ស្រលាញ់
ហើយ​បង​ចុះ​ចាញ់​ក្ដី​​ស្នេហ៍​ដែល​បង​ប្រាថ្នា
បើ​ទ្រាំ​ទៅ​ទៀត​ក៏​ឥត​ខ្លឹម​សារ
ក្នុង​ភព​ស្នេហា​សែន​ក្ដៅ ។

២. បង​ព្រាត់​ពី​អូន​ព្រាត់​ទាំង​ទឹក​ភ្នែក
ចម្រៀង​ថ្ងៃ​ស្អែក​ក៏​នៅ​មាន​ន័យ​ហ្មង​សៅ
គេច​មិន​ផុត​ទេ​អន្លង់​ស្នេហ៍​ជ្រៅ
ស្រមៃ​ស្រែក​ហៅ​តែ​អូន ។

បន្ទរ. កែវ​ភ្នែក​ធ្លាប់​សម្លឹង
ទោះ​បី​ខឹង​ភ័ក្ត្រ​​មិន​ដែល​ស្រពោន
មិន​នឹក​ស្មាន​ថា​ព្រាត់​អូន
ជីវិត​ដូច​ក្បូន​លូន​រសាត់​គ្មាន​ត្រើយ ។

៣. ឈ្មោះ​អូន​ដូច​ផ្កា​បង​ដូច​ជា​ព្រះ
បង​ស្រលាញ់​ណាស់​មិន​ចង់​ឃ្លាត​ពី​ចិត្ត​ឡើយ
ពេល​នេះ​ស្រែក​ហៅ​មិន​​ឮ​សូរ​ឆ្លើយ
អស់​ហើយ​សេចក្ដី​សង្ឃឹម ។

(ភ្លេង – បន្ទរ – ៣)

ចប់

១. សម្លេងចម្រៀង​មួយ​ម៉ឺន​អាល័យ
ចម្រៀង​​ច្រៀង​ថ្មី​ និង​ ក្រោយ​បង្អស់
ចម្រៀង​​អ្នក​ក្រ​ថ្ងូរ​ស្រែក​ស្រណោះ
ស្ដាយ​ចិត្ត​ដែល​ស្មោះ​ស្ដាយ​ឈ្មោះ​ស្នេហា ។

២. ចម្រៀង​សោក​ស្ដាយ​ក្លាយ​ជា​ពរ​ជ័យ
ជា​ចំណង​ដៃ​ដល់​​ថ្ងៃ​រៀប​ការ
ច្រៀង​រាប់ភ្ជាប់​រឿង​ដែល​ឥត​ខ្លឹម​សារ
ជា​រឿង​អនិច្ចារ​ស្នេហា​ប្រួល​ប្រែ ។

បន្ទរ. តែ​ស៊ូ​កាត់​ចិត្ត​ទាំង​ម៉ឺន​អាល័យ
ទោះ​ជីវិត​ក្ស័យ​ក៏​សុខ​ចិត្ត​ដែរ
តែ​សូម​ឲ្យ​អូន​ប្រកប​ក្ដី​ស្នេហ៍
កុំ​ឲ្យ​បែក​បែរ​ដូច​ស្នេហ៍​ប្រុស​បង ។

៣. ចម្រៀង​អាល័យ​ក្នុង​ថ្ងៃ​បែក​គ្នា
ទឹក​ភ្នែក​ច្រៀង​លា​គ្រា​ធ្លាប់​ឆ្លើយ​ឆ្លង
លា​រឿង​ទាំង​អស់​ លា​ឈ្មោះ​អូន​បង
លា​ចិត្ត​ដែល​ប៉ង​ឆ្លង​ស្ពាន​ជីវិត ។

ចប់

១.​ ខ្ញុំ​ស្រលាញ់​ៗ តែ​អូន
ចំនួន​បី​រយ​ហុក​សិប​ប្រាំ​ឆ្នាំ
បង​នៅ​តែ​ចាំ​​ច្រើន​ឆ្នាំ​ចាំ​ជួប​តែ​ពៅ​ព្រលឹង
ដូច​រដូវ​រីង​ហួត​ហែង ។

២. មួយ​ឆ្នាំ​មាន​៣៦៥​ថ្ងៃ
បង​គេង​នឹក​ស្រមៃ ដួង​ចិត្ត​ចំបែង
ទឹក​ភ្នែក​ហូរ​អាល័យ រាល់​ពេល​រាត្រី​ម្នាក់​ឯង
វង្វេង​នឹក​រឮក​ស្រី ។

បន្ទរ. ចង់​ជួប​មុខ ចង់​តែ​ជួប​មុខ​ស្រស់​ចរណៃ
ទឹក​ភ្នែក​ស្រែក​យំ ស្រែក​យំ​ក្ដែង​ៗ រាល់​ថ្ងៃ
ចង់​ថ្លាថ្លែង​សម្ដី រៀប​រាប់​រឿង​ស្នេហ៍​ថ្មី
ស្រី​អើយ បង​ចង់​បាន​ប្រាណ​បី​ត្រកង ។

៣. មើល​ភក្ត្រ​អូន​មិន​ចេះ​ធុញ​ទ្រាន់
មើល​មិនឆ្អែត​ឆ្អន់​ទេ​ស្នេហ៍​ស្នង
មើល​យូរៗ​ទៅ​រឹត​តែ​ចង់​ក្រសោប​ឱប​ត្រកង
ឲ្យ​សម​បំណង​ប៉ង​ស្នេហ៍​ស្រី ។

២ – បន្ទរ – ៣

ចប់

អានី ខ្ញុំ​​នឹង​ច្រៀង​ចម្រៀង​នេះ​​ដើម្បី​អ្នក


១. អានី រាត្រី​ដែល​​រៀម​​បាន​ជួប​ថ្លៃ
រាត្រី ដែល​នាំ​មក​នូវ​ក្ដីវិបត្តិ
ញាប់​ញ័រ​ក្នុង​ចិត្ត ដែល​រូប​ស្រី​មិន​គិត
អាណិត​ដល់​រូប​ខ្ញុំ​លួច​សម្លឹង​អ្នក ។

២. អានី ពេល​ស្រី​រាំ ខ្ញុំ​ពាំ​ទុក្ខ​ព្រួយ
ខ្លួន​មួយ ទ្រូង​រែង​ព្រួយ ក្រៀម​ក្រំ​ខ្លោច​ផ្សា
យ៉ាង​ណា​ប្រាថ្នា សូម​តែ​ចិត្ត​ភក្ដី
បើ​ស្រី​មិន​បេតី​សូម​ស្រី​មេត្តា ។

បន្ទរ. ខ្ញុំ​ឈរ​កៀន​លួច​គន់​ភក្ត្រា
ដូច​​ឃើញ​​តារា​ដែល​រះ​សែន​ឆ្ងាយ
ចិត្ត​រៀម​នៅ នឹក​ស្ដាយ​ដល់​កាយ​ស្រី
ថ្លៃ​មិន​ប្រណី​បេះដូង​កំព្រា ។

៣. អូ អូ! អានី រឿង​អ្វី​ទៀត​ខ្ញុំ​បំភ្លេច​បាន
កល្យាណ បំភ្លេច​មិន​បាន​ដោយ​​រឿង​ហេតុ​អ្វី
សូម​ស្រី​ជួយ​ឆ្លើយ នូវ​ចម្លើយ​យ៉ាង​ខ្លី
បើ​ថ្លៃ​មិន​បេតី សូម​ស្រី​មេត្តា ។

ពោល. អានី ពេល​ស្រី​រាំ​ខ្ញុំ​​ពាំ​ទុក្ខ​ព្រួយ
ខ្លួន​មួយ ទ្រូង​រែង​​ព្រួយ​ក្រៀម​ក្រំ​ខ្លោច​ផ្សា
យ៉ាង​ណា ប្រាថ្នា​សូម​តែ​ចិត្ត​ភក្ដី
បើ​ថ្លៃ​មិន​បេតី សូម​ស្រី​មេត្តា ។

បន្ទរ – ៣

អានី សូម​ស្រី​កុំ​ជិន​ណាយ​នឹង​រូប​បង​ឲ្យ​សោះ

ចប់

១. ពេល​យប់​ក៏​ព្រួយ ពេល​ថ្ងៃ​ក៏​ព្រួយ
បង​រឭក​នឹក​តែ​អូន​មួយ ជា​ត្រួច​ចិន្ដា​ទៅ​ហើយ
អូន​នៅ​ម្នាក់​ឯង ៗ ៗ គ្មាន​បង​ឆ្លង​ឆ្លើយ
តើ​អប្សុក​យ៉ាង​ណា​អូន​អើយ
អូន​អើយ បង​អាណិត​ណាស់ ។

២.​ បង​ជឿជាក់​ហើយ ថា​អូន​ភក្ដី
តែ​ចិត្ត​បង​ចេះ​តែ​ព្រួយ​ភ័យ ខ្លាច​ស្រី​ថ្ងៃ​ក្រោយ​ភ្លេច​បង
បង​យល់​អ៊‍ីចឹង កុំ​ខឹង ៗ ណា​កែវ​នួនល្អង
ព្រោះ​ស្រលាញ់​ពេក​ទេ​ស្នេហ៍ស្នង
ទើប​ជឿ​ផង​ភ័យ​ផង​ណា​អូន ។

បន្ទរ. ស្ដាយ​មិន​បាន​រស់​ជា​មួយ​គ្នា
ជួប​មួយ​ឃ្លា ៗ រួច​លា​ព្រាត់​គ្នា​ទីទៃ
បង​ដូច​សូរិយា អូន​ដូច​រាត្រី ជួប​គ្នា​តែ​ពេល​ថ្ងៃ
រាត្រី​មក​ដល់​បែក​គ្នា ។

៣. បង​ព្រួយ​ខ្លាច​អូន​ឈឺថ្កាត់​ពេល​យប់
បង​ព្រួយ​មែន​ស្បថ​​ម្រាម​ដៃ​ដប់
យល់​សប្តិ​ឃើញ​តែ​អូន​ទេ
ឮ​ស្គរ​គ្រហឹម គ្រឹម ៗ គ្រឹម ៗ បង​ភ័យ​ណាស់​ស្នេហ៍
នឹក​អូន​ភ្លាម​ គ្មាន​បង​នៅ​ក្បែរ
តើ​មាស​មេ​រងា​យ៉ាង​ណា ?

ចប់

១. ( ??? ) អើយ​នែ អង្ករ​ស្រូវ​ថ្មី
ស្រី​បុក​ពីរ​នាក់​នឹង​បង
( ពីរ​ដង )
ដាំ​បាយ​ដាក់​បាត​យក​បុណ្យ​ផង
អូន​នឹង​បង ចាំ​ខែ​រងា
យើង​នឹង​រៀប​ការ
អើយ​រៀប​ការ ( ពីរ​ដង )
តាម​ប្រពៃណី ( ពីរ​ដង ) ។

២. ( សាមុត ) អើយ​នែ អង្ករ​ស្រូវ​ថ្មី
ដៃ​បង បង​​កាន់​អង្រែ
( ពីរ​ដង )
អូន​រែង​ឥត​ឈប់​​ទំនេរ
យើង​ទាំង​ទ្វេ ខំ​ប្រឹង​ធ្វើ​ការ
កុំ​ឲ្យ​អ្នក​ស្រុក​ថា ( បី​ដង )
ប្ដី​ប្រពន្ធ​នេះ មិន​ចេះ​រក​ស៊ី ។

ភ្លេង – ច្រៀង​ឡើង​វិញ

ចប់

១. (សាមុត) ចុះ​ផ្កា​អ្វី​ក៏​រីក​ក្នុង​សួន​នេះ ?
ថា​ម្លិះ​ក្ដាំងងា ​ដូច​ជា​មិន​ត្រូវ
ល្អ​ទាំង​សម្ផស្ស ក្លែបក្លិន​ក្រអៅ
រីក​រះ​ក្បែរ​ផ្លូវ​រំសាយ​កេសា ។

២. (សាមុត) មើល​ទៅ​ចង្កេះ​រាង​រៀវ​សែន​ក្ដួច
សុដន់​ក្បំ​តូច ម្រាម​ដូច​បន្លា
ចិញ្ចើម​មូល​ខ្វង់ សម​ទ្រង់​នេត្រា
តែ​ស្ដាយ​ព្រោះ​ផ្កា មិន​ចេះ​ឆ្លើយ​ឆ្លង ។

៣. (សុទ្ធា) រូប​ខ្ញុំ​ជា​ស្រី​ពេញ​វ័យ​ដូច​ផ្កា
ម្ដេច​មក​ប្រាថ្នា​ស្នេហ៍​បំពាន​ច្បាប់
ខ្លាច​ណាស់​ក្ដី​ស្នេហ៍ នាំ​តែ​ចុក​ចាប់
ស្នេហ៍​រំលង​ច្បាប់​នាំ​កើត​ទុក្ខា ។

បន្ទរ. (សាមុត) កុំ​អាល​ឆាប់​ខឹង​ពេក​ព្រលឹង​បង
ខុស​ឆ្គង​តិច​តួច​ក៏​សូម​មេត្តា
(សុទ្ធា) នែ​ប្រុស​កំហូច​កុំ​ចេះ​តែ​ថា
(សាមុត) បង​មិន​មុសា​បោក​ជីវា​ទេ ។

៤. (សាមុត) ជាតិ​នេះ​​បង​ប្រាថ្នា​តែ​កល្យាណ
ទោះ​បី​ក្ស័យ​ប្រាណ​ក៏​បង​មិន​ស្ដាយ
(សុទ្ធា) កុំ​សង្ឃឹម​ថ្វី ណា​ប្រុស​ឆោមឆាយ
ស្នេហ៍​បង​ពិត​ជា​ពោះម៉ាយ​ហើយ​ណា ។

ចប់

១. (ស)​មើល​មេឃ​ មេឃ​ស្រលះ​ភ្លឺ​ថ្លា (ប)​មើល​ផ្កា​ឃ្មុំ​ក្រេប​លំអង
(ស)​បុប្ផា​គឺ​អូន​ឯ​ឃ្មុំ​គឺ​បង (ប)​កែវ​កុំ​សៅ​ហ្មង​ឃ្មុំ​បង​ក្រេប​ផ្កា​តែ​មួយ
(ស)​បើ​ផ្កា​រោយ (ប)​ឃ្មុំឥត​ព្រួយ មួយ​នឹង​មួយ​មិន​​ផ្លាស់​ទេ
(ស)​អូន​មិន​ជឿ​សោះ​សម្ដី​បុរស​ហូរ​ដូច​ទន្លេ
(ប)​ជឿ​អ្នក​ណា​មាស​មេ ឬ​មួយ​ជឿ​គេ​ជាង​បង ។

២. (ប)​ព្រលឹង​កុំ​ទាន់​ខឹង​ពីសី ប្រណី​ហុច​ថ្ពាល់​ឲ្យ​បង
បង​សូម​អង្អែល​ អង្អែល​ថើប​ផង ថើ​ប​មួយ​ម៉ឺន​ដង
(ស)​នែ​បង​!​ថយ​ចេញ​ឲ្យ​ឆ្ងាយ (ប)​ចេញ​ទៅ​ណា?
(ស) ចេញ​ឲ្យ​ឆ្ងាយ! (ប) ឱ!​ឆោម​ឆាយ​មិន​ទៅ​ទេ
ចិត្ត​អាក្រក់​ម្ល៉េះ (ស)​មិន​មែន​ចិត្ត​អាក្រក់​ទេ
បើ​ចង់​ថើប​ទាល់​តែ​ស្នេហ៍​កោរ​ពុក​មាត់​ចេញ​ទៅ ។

៣. (ប)​អ៊ី​យ៉ាស!​កោរ​មិន​បានទេ​អូន
(ស)​ប្រុស​ស្ងួន​មាន​អ្វី​លាក់​បាំង?
(ប)​ពុក​មាត់​បង​នេះ​គឺ​ជា​កម្លាំង
តែ​កោរ​ទៅ​អស់​ខ្លាំង​ខ្លាច​ខ្មាំង​សត្រូវ​មើល​ងាយ
(ស)​ភរ​ឬ​ភូត? (ប)​នែ!​ឆោម​ឆាយ​បង​និយាយ​កាពិត​ច្បាស់
កុំ​ប្រាប់​អ្នក​ណា​ពី​អានុភាព​នេះ​
ទុក​ពុក​មាត់​ពិសេស​ដើម្បី​ការ​ពារ​ស្នេហ៍​យើង ។

ភ្លេង

៤. (ប) ឃ្លាន​ណាស់​អើ​..អើយ​ឆោម​ឆាយ តើ​បាយ​ដាំ​ឆ្អឹនហើយ​​នៅ? (ស្ទួន)
(ស)​ឆ្នឹន​ហើយ​ឱណា​ប្រុស​ពៅ (ប)​មាន​អ្វី​ខ្លះ​ទៅ​…ម្ហូប​អាហារ?
(ស)​មាន​គ្រប់​សម្លរ​អាំង​ឆារ​ អញ្ជើញ​ពិសារ​ណា​អ្នក​ប្ដី​អើយ
(ប)​តើ​មាន​ប្រហុក​តប់​ទេ​? (ស)​ប្រុស​ស្នេហ៍​មាន​ដែរ​ណា​ប្ដី (ស្ទួន)
(ប)​អូ!​ត្រូវ​ហើយ​នឹង​អន្លក់​ស្វាយ​ខ្ចី បេះ​ពី​ព្រៃ​ថ្មី​ៗ អូហ៍​!​ស្រក់​ទឹក​មាត់​ច្រោក​ (ស្ទួន) ។

ចប់

១. មើល​ស្ទឹង​សង្កែ មើល​ខ្សែ​ទឹក​ហូរ
ត្រពាំង​​វត្ត​ពោធិ៍ លាយ​នឹង​ជំនោរ​ថ្ងួចថ្ងូរ​ផ្ដាំ​ទឹក​ជំនន់
រៃ​យំ​ទ្រហឹង លា​ស្ទឹង​កវី​និពន្ធ
សូរិយា​ទោរទន់ ពួន​ក្រោយ​ផ្ទះ​ស្រី ។

២. ដើម​ដូង​ទី​ដប់ ម្លប់​ក្រប​មាត់​ស្ទឹង
បង​ឈរ​ស្ងៀម​ធ្មឹង ឈរ​ចាំ​ព្រលឹង​​ស្ងាត់​ឈឹង​លុះលង់​រាត្រី
អូន​ភ្លេច​វាចា ដែល​បាន​សន្យា​ពី​ថ្ងៃ
ថា​ម៉ោង​ប្រាំបី ស្រី​មក​ជួប​បង ។

បន្ទរ. ឥឡូវ​បាត់​សូន្យ ដូច​ក្បូន​រសាត់
ទឹក​គួច​សំណាត់ ហូរ​លឿន​កន្លង
បុណ្យ​ផ្កា​វត្ត​ពោធិ៍ នៅ​មិន​ទាន់​ឆ្លង
មិន​គួរ​នួនល្អង ប្រែ​ខ្នង​សូន្យ​សោះ ។

៣. ភ្លេង​ការ​គ្រឹម​ៗ ពី​ទួល​តាឯក
ក្លាយ​​ពី​​​ខ្លងខែក នារី​ពស់​​វែក បិទ​ភ្នែក​រៀបការ​នឹង​ប្រុស
បង​ឈរ​មាត់​ស្ទឹង ប្រឹង​យំ​រងំ​ក្នុង​ពោះ
លា​ស្រី​​ស្រោម​​ងោះ ឈ្មោះ​​ក្នុង​ជា​ខ្លា ។

ភ្លេង – ៣

ចប់

១. ឱ​រាត្រី​ស្ងាត់​នា​មាត់​ទន្លេ
កន្លែង​គូ​ស្នេហ៍ ធ្លាប់​មក​កំសាន្ត
អង្គុយ រៀប​រាប់​រឿង​ស្នេហ៍​​ពីរ​ប្រាណ
ក្រោម​ដួង​ព្រះចន្ទ ដែល​រះ​ពេញ​វង់ ។

២. ដើម​ដូង​ដុះ​ទេរ​ទាប​ទៅ​មាត់​ស្ទឹង
ជា​ដួង​ព្រលឹង ខ្ញុំ​និង​នួនល្អង
ដូង​អើយ ដូង​ទេរ​កុំ​រេ​សៅហ្មង
ជួយ​ចាំ​ខ្ញុំ​ផង ចាំ​រឿង​ស្នេហា ។

បន្ទរ. យប់យន្ត​ត្រជាក់ ខ្យល់​ធ្លាក់​រំភើយ
ក្រអូប​បង្ហើយ​ក្លែបក្លិន​កន្និដ្ឋា
ក្លិន​ផ្កា​ចំប៉ី ក្លិន​ស្រី​ជីវា
ជីវិត​ស្នេហា ប្រាថ្នា​គ្រប់​ជាតិ ។

៣. គូ​ខ្ញុំ​បើ​ព្រាត់​ គឺ​ព្រាត់​ដោយ​កម្ម
មិន​មែន​ចិត្ត​នាំ ឲ្យ​ខ្ញុំ​ឃ្លាង​ឃ្លាត
ជាតិ​នេះ ជួប​ហើយ​ជាតិ​ក្រោយ​ជួប​ទៀត
សូម​ជួប​គ្រប់​ជាតិ កុំ​ឃ្លាត​សោះ​ឡើយ ។

ភ្លេង – បន្ទរ – ៣

ចប់

នីកូដខែ្មរចុចត្រង់នេះ

July 26, 2007

នីកូដខែ្មរចុចត្រង់នេះ

   Download KhmerUnicode1.3.0Download usp10.dll